ផ្សងតាមដួងចន្ទ
……………..
ឱ!ដួងចន្ទ កុំប្រកាន់ សូមជួយផង
អោយបំណង ដែលខ្ញុំប៉ង បានជោគជ័យ
សូមកើតកើន នូវបញ្ញា ដ៏ប្រពៃ
ជ្រើសវិថី នៃជីវិត ដែលត្រឹមត្រូវ ។
ឱ!ដួងចន្ទ កុំប្រកាន់ មេត្តាផង
សូមបន់ផ្សង ជួយរក្សា គ្រួសារពៅ
មានពុកម៉ែ មានបងប្អូន ញាតិនិត្យនៅ
ជួយជាផ្លូវ បង្ហាញសុខ ទុក្ខរលាយ ។
ឱ!ដួងចន្ទ កុំប្រកាន់ សូមសុខុម
ជាតិថ្កើនថ្កំ ហើយរុងរឿង រាស្រ្តរីករាយ
សន្តិភាព តរៀងទៅ ខ្មែរពណ្ណរាយ
ឥតទន់ជ្រាយ សាមគ្គីគ្នា គ្រប់វេលា ។
ឱ!ដួងចន្ទ កុំប្រកាន់ សូមជួបមនុស្ស
ដែលលង់លុះ ដោយចិត្តធម៌ មិនរុញរា
គូជីវិត ដែលក្នុងចិត្ត ស្មោះពុំងារ
មិនចោលគ្នា លុះអវសាន នៃជីវិត ។
ដោយ មុនីរាជ ធីតា