ដំណើរសុរិយា
—————-
វេលាសុរិយា យាត្រាជាថ្មី
ដំណើរវិលវៃ ទៅតាមគន្លង
ក្នុងសួនបុប្ផា ផ្ការីកបំព្រង
បក្សីទាំងហ្វូង ហើរចាកទ្រនំ។
រីសុរិយកាល ក្រាលនូវកម្ដៅ
ប៉ុន្ដែមិនក្ដៅ ស្មើភ្លើងគំនុំ
សត្វរៃស្រែកច្រៀង ចោទថាស្រែកយំ
ទឹកធ្លាក់ពីភ្នំ ម្ដេចពុំរារែក ។
វេលាសុរិយេ ទន់ទេរមាត់ស្ទឹង
ដែលលាតសន្ធឹង ផុតកន្ទុយភ្នែក
ព្រោះតែផ្ទៃទឹក ធំធេងខ្លាំងពេក
ចង់សួរចង់ស្រែក ក៏គ្មានអ្នកឆ្លើយ ។
វេលាសុរិយង្គ អែបអង្គបាំងព្រៃ
ស្រណោះសម្ដី អង្វរត្រើនត្រើយ
សាកយកចិត្តគេ ដាក់ក្នុងខ្លួនហើយ
ក៏យល់ចម្លើយ ថាឈឺប៉ុណ្ណា ។
ដោយ មុនិរាជ ធីតា