ទូក
ទូកទៅមុខបានមានច្រវាអម
ធំតូចល្មមក្តីកំពង់ជាគូ
ទូកចេញជិតឆ្ងាយឆាប់ក្តីក្តីយូរ
ទូកបានគូរស្រមោលជាប់កំពង់ ។
ទូកនាំក្តីសុខអ្នកស្រុកឈរចាំ
ឃ្លាតផែឆ្នាំខែគេចាំរហង់
ទូកនាំរុងរឿងគេមិនអែរអង់
ដល់កំពង់ភ្លាមឈានជើងឡើងភ្លែត ។
ទូកល្អឃ្លាតពិតនិត្យនៅកំពង់
ជួបគ្រោះលង់លិចតែកេរ្តិ៍អណ្តែត
មនុស្សនៅចាំឈ្មោះពីរោះត្រដែត
នាមអណ្តែតត្រសែតក្នុងទ័យា ។
តែបើទូកពុកយកមកចម្លង
គង់ក្តីហ្មងសៅកើតដល់មនុស្សម្នា
ថ្ងៃមួយនឹងលិចកណ្តាលគង្គា
វេទនាគេឯងដែលជិះឆ្លង ៕
ដោយ ជា ផាន់ណា